មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​អាន​ព័ត៌មាន អត្ថាធិប្បាយ​ព័ត៌មាន និង ពិធីករ ជូន​ដល់​មន្ត្រីក្រោមឱវាទ​រប​ស់​ខ្លួន​ក្នុង​រយៈពេល​២​ថ្ងៃ​

​ដោយមាន​ការគាំទ្រ​ពី​ឯកឧត្ដម​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា នៃ​ក្រសួង​ព័ត៌មាន មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​អាន​ព័ត៌មាន អត្ថាធិប្បាយ​ព័ត៌មាន និង ពិធីករ ជូន​ដល់​មន្ត្រីក្រោមឱវាទ​រប​ស់​ខ្លួន នៅ​ការិយាល័យ​វិទ្យុ និង ការិយាល័យ​ទូរទស្សន៍ ក្នុង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២២ និង ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព និង ចំណេះដឹង​នៃ​ផ្នែក​ទាំងអស់ ស្របតាម​ស្តង់ដា​មួយ នៃ​ការអភិវឌ្ឍ​វិស័យ​ព័ត៌មាន ក្នុងដំណាក់កាល​ប្រព័ន្ធ​បច្ចេកវិទ្យា​៤.០ ។

​មានប្រសាសន៍​ក្នុងឱកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​បញ្ជាក់ថា ដោយមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា ថ្ងៃនេះ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​យើង បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​អាន​ព័ត៌មាន អត្ថាធិប្បាយ​ព័ត៌មាន និង ពិធីករ​នេះ​ឡើង ជូន​ដល់​មន្ត្រី​នៃ​ការិយាល័យ​វិទ្យុ និង ការិយាល័យ​ទូរទស្សន៍ សរុប​ចំនួន​២០​នាក់ ក្រោម​ការបង្ហាត់បង្ហាញ​ពី​គ្រូឧទ្ទេស​ជំនាញ​ចំនួន​០២​រូប ដែលមាន​បទពិសោធន៍​លើ​ផ្នែក​អាន​ព័ត៌មាន អត្ថាធិប្បាយ​ព័ត៌មាន និង ពិធីករ ជាច្រើន​ឆ្នាំ ខណៈ​បច្ចុប្បន្នកំពុង​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ ។

​លោក លីវ សុខុន មានប្រសាសន៍​ទៀតថា នេះ​ជា​វគ្គ​បណ្ដុះបណ្ដាល​មួយ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ព្រោះថា​កន្លងមក នៅ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ពុំដែល​មាន​វគ្គ​នេះឡើយ ហើយ​មន្ត្រី​យើង​ក៏​មិនដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ជំនាញ​នេះដែរ ហើយ​វគ្គ​នេះដែរ ក៏​ស្របទៅនឹង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ជំរុញ និង លើកទឹកចិត្ត​ឲ្យ​មានការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ ដើម្បី​បង្កើន​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​លើ​វិស័យ​ព័ត៌មាន ដូច្នេះ​សង្ឃឹមថា តាមរយៈ​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ មន្ត្រី​របស់​យើង​នឹង​ទទួលបាន​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត ស្របតាម​ស្តង់ដា​វិជ្ជាជីវៈ​មួយ​យ៉ាងពិត​ប្រាកដ ដែលជា​ស្តង់ដារ​នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា ។

​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប មានប្រសាសន៍​បន្ថែមទៀត​ថា វគ្គ​បណ្ដុះបណ្ដាល​ដែល​បានរៀបចំ​នៅពេលនេះ គឺជា​ផែនការ​សកម្មភាព​មួយ ក្នុងចំណោម​ផែនការ​សកម្មភាព​ការងារ​ជាច្រើន របស់​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប សម្រាប់​ឆ្នាំ​២០២០ ក្នុងនោះ មន្ទីរ​មាន​គម្រោង​បើក​វគ្គ​សរសេរ​ព័ត៌មាន​បឋម ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ចុងខែ​មីនា និង គ្រោង​បើក​វគ្គ​បំប៉ន​ការសរសេរ​ព័ត៌មាន ដែល​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខែមិថុនា ឆ្នាំ​២០២០​នេះ ហើយ​ស្របពេល​ស្ថានការណ៍​នៅក្នុង​ពិភពលោក​បច្ចុប្បន្នកំពុង​មានការ​រីកចម្រើន​យ៉ាងខ្លាំង​លើ​ផ្នែក​ព័ត៌មាន ជាពិសេស នៅ​ប្រទេស​កម្ពុជា​យើង ក៏បាន​នឹង​កំពុង​យកចិត្តទុកដាក់ និង ចាប់អារម្មណ៍​យ៉ាងខ្លាំង​ផងដែរ ។

​ក្នុងឱកាស​នោះដែរ តាមរយៈ​គ្រូឧទ្ទេស​ជំនាញ​ចំនួន​០២​រូប នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​រយៈកាល​កន្លងមក តែងតែបាន​បញ្ជូន​មន្ត្រី​ជំនាញ​ប​ច្ចេ​ទេស មកជួយ​បង្ហាត់បង្ហាញ​ជំនាញ​ប​ច្ចេ​ទេស​ទូរទស្សន៍​ដល់​មន្ត្រី​នៃ​ការិយាល័យ​ទូរទស្សន៍ តាម​ការស្នើសុំ​របស់​ម​ន្ទីរ ដែល​ធ្វើ​ឲ្យ​ដំណើរការ​ផ្សាយ​របស់​ទូ​រទស្ស​ន៍​ជាតិ​ខេត្តសៀមរាប ប្រព្រឹត្ត​ទៅដោយ​រលូន និង ទទួលបាន​ការគាំទ្រ​ជាខ្លាំង​ពី​សំណាក់​ទស្សនិកជន ហើយ​លោក​ក៏បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ទាំងអស់​ដែលមាន​វត្តមាន​នៅក្នុង​វគ្គ​នេះ សូម​ឲ្យ​យកចិត្តទុកដាក់​តាម​កា​រ​ណែនាំ និង បង្ហាត់បង្ហាញ​ពី​គ្រូឧទ្ទេស ជាពិសេស​បើ​មាន​ចម្ងល់​ត្រូវតែ​ហ៊ាន​សួរ ដើម្បី​បង្កើន​នូវ​ចំណេះដឹង​ខ្លួនឯង​ផង និង ដើម្បី​ជា​មូលដ្ឋានគ្រឹះ​មួយ យកទៅ​បំពេញការងារ​ភារៈកិច្ច​របស់ខ្លួន​ទទួលបាន​ល​ទ្ឋ​ផល​ល្អ​នាពេលខាងមុខ ធ្វើ​ឲ្យ​វិស័យ​ព័ត៌មាន​នៅក្នុង​ខេត្តសៀមរាប កាន់តែ​មានការ​រីកចម្រើន និង ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ​យើង ។

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ លោក អ៊ូ សំណាង អនុប្រធាននាយកដ្ឋាន​ព័ត៌មាន​ក្នុង និង​ក្រៅប្រទេស នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ជា​គ្រូឧទ្ទេស​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ បាន​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដែល​បាន​យកចិត្ត​ទុក​រៀបចំ​ឲ្យ​មាន​ជា​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង ព្រោះថា​នេះ​ជា​លើកទីមួយ​សម្រាប់​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត លើ​ផ្នែក​អាន​ព័ត៌មាន អត្ថាធិប្បាយ​ព័ត៌មាន និង ពិធីករ សម្រាប់​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ហើយ​លោក​នឹង​បង្ហាត់បង្ហាញ​ឲ្យ​អស់ពី​សមត្ថភាព​នូវ​ចំណេះដឹង​ទាំងអស់​ដែល​លោក​មាន ផ្ទេរ​ជូន​ដល់​សិក្ខាកាម​ដែលជា​មន្ត្រី​រួម​អាជីព​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ព័ត៌មាន ដើម្បី​យកទៅ​បម្រើ​វិស័យ​ព័ត៌មាន​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត ដូច្នេះ​សង្ឃឹមថា សិក្ខាកាម​យើង​ទាំ​អ​អស់​គ្នា នឹង​យកចិត្តទុកដាក់ ក្រេបជញ្ជក់​នូវ​ចំណេះដឹង​ទាំងអស់នេះ និង ធ្វើការ​ពិភាក្សាគ្នា​ឲ្យ​បាន​កាន់តែ​ផុលផុស ដើម្បី​អនាគត​យើង​ធ្វើការ​ប្រកបដោយ​វិជ្ជាជីវៈ ៕