មនុស្ស​ពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​អង្គរធំ​

លោក​វរសេនីយ៍ទោ ជ្រិញ គឹម​នី អធិការនគរបាល​ស្រុក​អង្គរធំ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​០៨​និង​១៧​នាទី​យប់ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ ២០១៩​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ ត្រង់ចំណុច​ខាងជើង​ផ្លូវ​ចុះ​ភូមិ​ភ្លង់ ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប រវាង​រថយន្ត​ជាមួយនឹង​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​០២​នាក់​នៅនឹងកន្លែង​កើតហេតុ ។

​លោក​វរសេនីយ៍ទោ ជ្រិញ គឹម​នី បាន​ឲ្យ​ដឹង​បន្ថែមថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​រវាង​រថយន្ត​ម៉ាក់​អ៊ី​ស៊ុយ​ស៊ុយ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​សៀមរាប 2A-8754 បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​មិន​ប្រកាន់​ស្តាំ ដែល​អ្នកបើក​បររថ​យន្ត​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​ក្រោយពេល​កើតហេតុ​បាន​រត់​គេចខ្លួនបាត់ បាន​បុក​នឹង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ​សៀមរាប 1X-2453 ដែល​ជិះ​ឌុ​ក​គ្នា​២​នាក់​មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ស្លាប់​ទាំង​០២​នាក់ រួមមាន ៖ ១. ឈ្មោះ ឈិន វន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង ២. ឈ្មោះ ភិន រ៉េ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ អ្នក​ទាំង​០២​នាក់​នេះ រស់នៅ​ភូមិ​សំរោង ឃុំ​លាងដៃ ស្រុក​អង្គរធំ ។

​លោក​វរសេនីយ៍ទោ ជ្រិញ គឹម​នី បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក បាន​ចុះ​ទៅដល់​ពិនិត្យ​ដល់​កន្លែងកើតហេតុ និង​ធ្វើការ​វាស់វែង ហើយ​បានធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុតាង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ចំណែក​សាកសព សមត្ថកិច្ច​បានប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​