អគារ​អន្តេវាសិកដ្ឋាន​ចំនួន​ពីរ​ខ្នង​នៅ​វិទ្យាល័យ​២៨​មករា ក្នុងស្រុក​ស្រីស្នំ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​

អគារ​អន្តេវាសិកដ្ឋាន​ចំនួន​ពីរ​ខ្នង​នៅ​វិទ្យាល័យ ២៨ មករា គឺ​មួយ​ខ្នង​មាន​ទំហំ ២៤​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ និង ផ្ទះបាយ​មួយ​ខ្នង​មាន​ទំហំ ៩​ម៉ែត្រ​គុណ​នឹង​៤,៥​ម៉ែត្រ ដែល​បាន​បំពាក់​សម្ភារ​និង​ឧបករណ៍​រួចជាស្រេច និង​បន្ទប់ទឹក ដែល​បាន​ចំណាយ​ថវិកា​អស់​ចំនួន ១៩ ម៉ឺន​ដុល្លារ​អាមេរិក ជា​អំណោយ​សប្បុរសធម៌​រប​ស់​សប្បុរជន​ជនជាតិ​អាល្លឺម៉ង់ តាមរយៈ​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជា រួមជាមួយ​សប្បុរជន​ក្នុងស្រុក ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាល​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ក្រោម​អធិបតីភាព​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង លោកស្រី ហ្គ្រី​ស​ស្ទី​ន​រេញ​ហាដ រី​ឌី​ហ្គើ ប្រធាន​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជា ដោយមាន​ការចួលរួម​ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត គណៈ​អភិបាលស្រុក មន្ត្រី​អ្នកមុខអ្នកការ​ក្នុងស្រុក​ស្រីស្នំ មេឃុំ លោកគ្រូ​អ្នកគ្រូ និង សិស្សានុសិស្ស​ទាំងអស់​នៃ​វិទ្យាល័យ​២៨​មករា ។

​លោក ហ៊​ន់ ឬ​ទ្ធិ អភិបាល​ស្តីទី​ស្រុក​ស្រីស្នំ បាន​ឲ្យ​ដឹងថា សមិទ្ធផល​នេះ គឺជា​ចូលរួមចំណែក​មួយ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា ឲ្យ​កាន់​តែមាន​ការវិវត្ត​ឡើង​ថែមទៀត ពិសេស​កាត់បន្ថយ​អត្រា​នៃ​ការបោះបង់​ការសិក្សា​រប​ស់សិ​ស្ស ខណៈពេលដែល​លំនៅដ្ឋាន​របស់​ពួកគេ នៅ​ឆ្ងាយ​ពី​សាលារៀន មិនអាច​ធ្វើដំណើរ​មក​រៀន​ឲ្យ​បាន​ទាន់ពេលវេលា ។

​លោកស្រី ហ្គ្រី​ស​ស្ទី​ន រេញ​ហាដ រី​ឌី​ហ្គើ ប្រធាន​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជា បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បានបញ្ចប់​ការសិក្សា លោកស្រី​បានធ្វើ​ដំណើរ​កំសាន្ត​នៅតាម​បណ្តា​ប្រទេស​មួយចំនួន ហើយ​បានឃើញ​ពី​ការលំបាក​ផ្សេងៗ​គ្នា​របស់​សិស្សសាលា​នៅតាម​បណ្តា​ប្រទេស​ទាំងនោះ ពិសេស​ក្នុងពេលដែល​អញ្ជើញ​មក​កម្ពុជា លោកស្រី​ក៏បាន​ឃើញ​អំពី​ការលំបាក​របស់​សិស្សសាលា​កម្ពុជា​ក្នុងការ​ធ្វើដំណើរ​មក​សាលារៀន​របស់​ពួកគេ ដូច្នេះ​ទើប​លោកស្រី​សម្រេច​ស្វែងរក​ជំនួយ​ក្នុង​ការកសាង​អន្តេវាសិកដ្ឋាន​នេះ​ឡើង ហើយ​រំពឹងថា អគារ​ទាំងពីរ​នេះ នឹង​ជួយ​សម្រាល​ការលំបាក​ក្នុងការ​សិក្សា​របស់​សិស្សានុសិស្ស ក្នុងស្រុក​ស្រីស្នំ​នេះ បាន​មួយចំណែក​ធំ ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​សម្ដែង​នូវ​ការ​អរគុណ និង កោតសរសើរ​ចំពោះ​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជា ដែល​បាន​ជួយ​សាងសង់​អគារ​អន្តេវាសិកដ្ឋាន​សម្រាប់​សិស្ស​ប្រុស​សិស្សស្រី នៃ​វិទ្យាល័យ​២០​មករា និង​អរគុណ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង សប្បុរសជន​ជិត​ឆ្ងាយ ដែល​បាន​លះបង់​កម្លាំងចិត្ត កម្លាំងកាយ និង ថវិកា​ផ្ទាល់ខ្លួន ក្នុងការ​ចូលរួមចំណែក​ជួយ​សាងសង់​អគារ​អន្តេវាសិកដ្ឋាន​នេះ ប៉ុន្តែ​សំខាន់ សូម​ឲ្យ​យកចិត្តទុកដាក់​ក្នុងការ​ថែរក្សា និង ការពារ​ឲ្យ​គង់វង្ស​នៅ​យូរអង្វែង ។

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​ទៀតថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញបរិបូរណ៍ មាន​ស្ថេរភាព​នយោបាយ និង មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​សមិទ្ធផល​ដែល​កើតមានឡើង​នៅពេលនេះ គឺ​មិនអាច​កាត់ផ្ដាច់​ពី​កត្តា​ទាំងអស់នេះ​បានឡើយ ព្រោះថា ក្នុងអំឡុង​ពេលដែល​ប្រទេសជាតិ​យើង​កំពុងមាន​សង្គ្រាម កុំថាឡើយ​ការកសាង និង អភិវឌ្ឍន៍ សូម្បីតែ​ឱកាស​ចូលរៀន​សូត្រ គឺ​យើង​គ្នា​ដែរ ដូច្នេះ​ចូរ​យើងទាំងអស់គ្នា ជាពិសេស​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់​ដែលមាន​វត្តមាន​នៅទីនេះ ត្រូវតែ​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ថែរក្សា​សុខសន្តិភាព​នេះ ឲ្យ ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង ។

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​បន្ថែមទៀត​ថា ក្នុងឱកាស​នេះ ក្នុងនាម​អាជ្ញាធរខេត្ត សូម​ផ្ដាំផ្ញើ​ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ខិ​តំ​ប្រឹងប្រែង​សិក្សា រៀនសូត្រ ហាត់ពត់លត់ដំ​ខ្លួន​ជំនះ​នូវ​រាល់​ការលំបាក​ក្នុង​រយៈពេល​ខ្លី ដើម្បី​ទទួលបាន​សេចក្ដីសុខ​សប្បាយ​និង​ការរីកចម្រើន​ក្នុង​រយៈពេល​វែង ត្រូវធ្វើ​សមាហរណកម្ម​ខ្លួន​ជាមួយនឹង​មនុស្ស​ជុំវិញ​នៅក្នុង​សាលារៀន មាន​សីលធម៌​ល្អ ចរិយា​ធម៌​ល្អ ចេះ​សាមគ្គី​និង​ស្រឡាញ់​រាប់អាន​គ្នា​ទៅវិញទៅមក ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង ត្រូវគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ត្រៀមខ្លួន​ក្លាយទៅជា​ទំពាំង​ដ៏​ល្អ​សម្រាប់​ស្នង​ឫស្សី​ទៅ​ថ្ងៃ​អនាគត ៕​