ករណី​ជនជាតិ​ជប៉ុន​២​នាក់ ដែល​ប្លន់​សម្លាប់​អ្នកបើករថយន្ត​តាក់ស៊ី​នៅ​ខេត្តសៀមរាប ត្រូវ​តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ដោយ​មិន​កំណត់ពេល​


​កាលពី​រសៀល​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សាលាដំបូង​ខេត្តសៀមរាប បាន​បើកសវនាការ​ជា​សាធារណៈ​សួរដេញដោល​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ជនជាតិ​ជប៉ុន​២​នាក់ ធ្វើ​សកម្មភាព​អា​រក និង​ចាក់​សម្លាប់​ជនរងគ្រោះ​ជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​នៅ​ខេត្តសៀមរាប ដោយមាន​លោក​លោក អ៊ុ ចាន់ថុល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក ជួន សុ​បញ្ញា ជា​តំណាង​អយ្យការ ហើយ​បន្ទាប់ពី​បើកសវនាការ​សួរដេញដោល​រួច ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ក្នុង​សំណុំរឿង​ជនជាតិ​ជប៉ុន​ធ្វើ​សកម្មភាព​អា​រក​ប្លន់​អ្នកបើករថយន្ត​តាក់ស៊ី​នេះ បានសម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃក្រោយ​ដោយ​មិន​កំណត់ពេល ។​

​នៅក្នុង​សវនាការ តំណាង​អយ្យការ បានធ្វើ​ការប្តឹង​ជនជាប់ចោទ​ទាំង​២​នាក់​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ ដោយ​ចោទប្រកាន់​ពីបទ​មនុស្សឃាត​គិតទុក​ជាមុន ។

​នៅក្នុង​សវ​នា​នេះ ជនជាប់ចោទ​ទាំង​២​នាក់ គឺ​ទី​០១. ឈ្មោះ ISHIDA REIMON ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង ទី​០២. ឈ្មោះ NAKA RYUJI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ចាក់​សម្លាប់​ជនរងគ្រោះ​ពិតប្រាកដ​មែន ហើយ​ពួកគេ​បាន​ចូលមក​ប្រទេស​កម្ពុជា ក្នុង​បំណង​ស្វែងរក​ប្រាក់ ក្នុងនោះ​ជា​ជំហាន​ពួកគេ​ត្រូវ​រក​រថយន្ត​មួយ​សម្រាប់​ជិះ និង​បន្ទាប់មក​ពួកគេ​អាច​និង​ស្វែងរក​កន្លែង​ប្តូរប្រាក់​ណាមួយ ដើម្បី​ធ្វើ​សកម្មភាព ដែល​ពួកគេ​គិតថា អាច​រកប្រាក់​បាន​។

​គួររំលឹកថា កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅនេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត ក្នុង​ទឹកដី​ភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប មាន​ករណី​ប្លន់​សម្លាប់ លើ​ជនរងគ្រោះ​ឈ្មោះ​ហ៊ឹម ចាន់ ជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ពី​សៀមរាប​ទៅ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​បន្ទាប់ពី​ធ្វើ​សកម្មភាព កម្លាំង​សមត្ថកិច្ច បានធ្វើការ​ចាប់ខ្លួន​ជន​ដល់​ដែលជា​ជនជាតិ​ជប៉ុន​ចំនួន​២​នាក់ ដែលមាន​ទី​០១​ឈ្មោះ ISHIDA REIMON ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ,​ទី​០២​ឈ្មោះ NAKA RYUJI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​។

​ក្រោយពី​ចាប់ខ្លួនបាន ជន​ទាំងពីរ​នាក់​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​បាន​រក​តាក់ស៊ី ជិះ​ទៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុង​គោលបំណងរ​កឡាន​តាក់​ស៊ី​ថ្មី ដើម្បី​ប្លន់​យកទៅ​ប្រើប្រាស់ ពួកគេ​ក៏បាន​ជួល​រថយន្ត​ជនរងគ្រោះ ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ស្ករ ស្លាក​លេខ ២AB ៥២១៨ ដោយ​ពួកគេ​ប្រាប់ថា ចង់ទៅ​សៀមរាប ហើយ​ត្រូវ​គ្នា​ក្នុងតម្លៃ​៣០$ ។

​ពេល​ជិះ​ដល់​ចំណុច​កើត ពួកគេ​បាន​ប្រាប់​អ្នកបើក​តាក់ស៊ី​ឱ្យ​ឈប់ ហើយ​ឈ្មោះ ISHIDA REIMON បាន​បើកទ្វារ​ចុះ ដើម្បី​មើលផ្លូវ ដោយ​ទុកឱ្យ​បក្ខពួក​ខ្លួន​ធ្វើ​សកម្មភាព​អា​រក​ប្លន់​សម្លាប់​យក​រថយន្ត ហើយ​បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ពួកគេ​ក៏បាន​បើកទ្វារ​រថយន្ត​ទម្លាក់​ជនរងគ្រោះ​មកលើ​ផ្លូវ និង ភ្លាមៗ​ជនសង្ស័យ​ទាំងពីរ​នាក់​ក៏បាន​ឡើង​រថយន្ត បើក​ចេញពី​កន្លែងកើតហេតុ ប៉ុន្តែ​បាន​ប្រហែល ៣០០​ម៉ែត្រ រថយន្ត​ក៏​ជ្រុល​ទៅបុក​គោយន្ត​កន្ត្រៃ​ដឹកស្រូវ បណ្តាល​ឲ្យ​ទៅមុខ​លែងរួច ហើយ​ពួកគេ​ក៏​នាំគ្នា​រត់​កាត់​វាលស្រែ​ក្នុង​បំណង​គេចខ្លួន តែ​ក៏ត្រូវ​ចាប់ខ្លួនបាន និង​បញ្ជូន​មកកាន់​តុលាការ ៕​