បុរស​ចំនួន​២​នាក់ ត្រូវ​រន្ទះបាញ់​ស្លាប់ ខណៈ​កំពុង​ជ្រក​ភ្លៀង​ក្នុង​ខ្ទម​ក្បែរ​ដើម​ត្រ​សេក ស្ថិតក្នុង​សង្កាត់​សៀមរាប​

លោក ឆឹង សុភា អធិការរង​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល នា​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ មាន​ករណី​រន្ទះបាញ់​មួយ​បានកើត​ឡើង នៅ​ចំណុច​ផ្លូវ​គ្រួស​ក្រហម​ទៅ​ភ្នំ​ក្រោម ក្នុងភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប បណ្ដាល​ឲ្យ​បុរស​ចំនួន​២​នាក់​បាន​ស្លាប់​ភ្លាម ខណៈដែល​ជនរងគ្រោះ​កំពុង​ដឹក​ទឹក​សុទ្ធ​ដើរ​លក់ ជួន​មេឃ​ភ្លៀង ហើយ​ភ្លាមៗ​នោះ ជនរងគ្រោះ​បាន​ចូលទៅ​ជ្រក​ក្នុង​រោង​តាម​ចិញ្ចើមផ្លូវ ក្បែរ​ដើម​ត្រ​សេក ។​

 

​លោក​ឆឹង សុភា បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ទី​១ មាន ឈ្មោះ សាយ ប៊ុន​តាន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ដឹក​ទឹក​សុទ្ធ​លក់ រស់នៅ​ភូមិ​ត្រៀក សង្កាត់​សៀមរាប ក្រុង​សៀមរាប {​ពាក់អាវ​ពណ៌​ត្រាវ​} និង ជនរងគ្រោះ​ទី​២ ឈ្មោះ ផា វី អាយុ ៣៩ ឆ្នាំ ជា​អ្នករស់នៅ​ព្រែក​ទាល់ ខេត្តបាត់ដំបង​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ហើយ​ជនរងគ្រោះ​ទី​២ ទើបតែ​ត្រឡប់​មកពី​ប្រទេស​ថៃ ហើយ​មក​ស្នាក់នៅ​បណ្តោះ អាសន្ន​ជាមួយ​ជនរងគ្រោះ ក្នុង​បំណង​រក​ការងារ​ធ្វើ​នៅ​ខេត្ត សៀមរាប ប៉ុន្តែ​រក​ការងារ​មិនទាន់បាន​ផង ក៏ត្រូវ​រងគ្រោះ​ដល់​ជីវិត​តែម្តង ៕​