នៅ​ព្រឹក​នេះ មន្ត្រី​ចំនួន​០២​រូប ត្រូវបាន​ប្រកាស​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​ស្រុក​ជីក្រែង​

លោក ម៉ូ​វ ជា ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៦ ជា​ប្រធានការិយាល័យ​វិនិយោគ នៃ​ទីចាត់ការ​ផែនការ​និង​វិនិយោគ នៃ សាលាខេត្ត​សៀមរាប និង លោក ធូ ច​ន្ថុ​ល ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​១ ត្រូវបាន​ប្រកាស​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​ស្រុក​ជីក្រែង តាម​ប្រកា​សលេខ​៨៨៦១ ប្រក របស់​ក្រសួងមហាផ្ទៃ ដែល​ការប្រកាស​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​សាលាស្រុក​ជីក្រែង ក្រោម​អធិបតីភាព​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ។

​លោក ម៉ូ​វ ជា អភិបាលរង​ស្រុក​ជីក្រែង ដែល​ទើបនឹង​តែងតាំង​ថ្មី បាន​សម្ដែង​នូវ​ការដឹង​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង អភិបាលខេត្ត​សៀមរាប ដែល​បានផ្ដល់​ការទុកចិត្ត​មកលើ​រូបលោក​ទាំង​២​នាក់ ឲ្យ​ធ្វើជា​អភិបាលរង​ស្រុក​ជីក្រែង ហើយ​បាន​ប្ដេជ្ញាចិត្ត​អនុវត្តន៍​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន , គាំទ្រ​និង​អនុវត្តន៍​នូវ​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា , គោលការណ៍​ដឹកនាំ​ចង្អុលបង្ហាញ​របស់​ឯក​ឧត្ដម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម​អភិបាលខេត្ត គណៈ​អភិបាលស្រុក​ជីក្រែង និង ប្ដេជ្ញា​ខិតខំ​ចូលរួម​ទប់ស្កាត់ លុបបំបាត់​រាល់​បាតុភាព​អសកម្ម​ទាំងឡាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​យកចិត្តទុកដាក់​រៀបចំ កសាង និង អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នៅក្នុង​ស្រុក​ជីក្រែង ជាពិសេស​សហការ សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ​ប្រសើរ​បំផុត ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក នាក់ ណេ​រ៉ុ​ន បាន​បញ្ជាក់ថា ការប្រកាស​ចូលកាន់​តំណែង​ជា​អភិបាលរង​ស្រុក​នេះ ក៏មាន​ការជឿជាក់​យ៉ាងច្បាស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង អាជ្ញាធរខេត្ត​ចំពោះ​មន្ត្រី ថ្នាក់ដឹកនាំ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែលជា​ការលើកទឹកចិត្ត​ដល់​មន្ត្រី ឲ្យ​បន្ត​ខិតខំ​បំពេញភារកិច្ច ក្នុងការ​បម្រើ​ជាតិ​មាតុភូមិ ព្រោះថា​លោក​ទាំងពីរ​នាក់​នេះ ពិតជា​មានចំណេះដឹង និង បទពិសោធន៍​យូរ​ឆ្នាំ អាចជួយ​ដល់​អភិបាលស្រុក​ក្នុងការ​អភិវឌ្ឍ​ស្រុក ពិសេស​ត្រូវ​ប្រមូលផ្ដុំ​កម្លាំង​សរុប និង វិធាន​ការសរុប ស្របតាម​តម្រូវការ​ជាក់ស្តែង​រប​ស់​ស្រុក ។

​លោក នាក់ ណេ​រ៉ុ​ន មានប្រសាសន៍​បន្ថែមថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានធ្វើ​ឲ្យ​ប្រទេសជាតិ​ទាំងមូល​មាន​សុខសន្តិភាព និង មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដូច្នេះ​ក្នុងឱកាស​ដែល​លោក​ទាំងពីរ ទទួលបាន​ការតែងតាំង​ជា​អភិបាលរង​ស្រុក​ជីក្រែង​នេះ ត្រូវ​រក្សា​នូវ​ចំណង​ស្មារតី​សាមគ្គី និង ឯកភាព​ផ្ទៃក្នុង​ក្នុង​ជួរ​គណៈ​អភិបាលស្រុក ក្រុមប្រឹក្សា​ស្រុក មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ក្នុងស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង ក្រុមប្រឹក្សាឃុំ​ឲ្យ​បានល្អ​ប្រសើរឡើង ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត សំដៅ​លើកកម្ពស់​ជីវភាព​របស់​នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង ហើយ​ត្រូវ​រួមគ្នា​ការពារ​នូវ​សេចក្ដីសុខក្សេមក្សាន្ត​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​យើង ។​

​លោក​អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍​បន្ថែមទៀត​ថា ជាមួយគ្នានេះដែរ ត្រូវ​រួមគ្នា​បង្កើន​នូវ​ការយកចិត្តទុកដាក់​ក្នុងការ​បម្រើសេវា​សាធារណៈ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​តម្រូវការ​ចាំបាច់​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ៕​