សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​ខ្លួន​រយៈពេល​៣​ថ្ងៃ​នៅក្នុង​ខេត្តសៀមរាប​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​ខ្លួន ក្នុង​រយៈពេល​៣​ថ្ងៃ នៅ​សាលសន្និសីទ​សុខា នៃ​សណ្ឋាគារ​សុខា​សៀមរាប ក្នុង​ខេត្តសៀមរាប គឺ​នៅ​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រួម​ជាមួយនឹង​សមាជិក សមាជិកា​នៃ​គណៈអចិន្ត្រៃយ៍ , គណៈកម្មាធិការ​កណ្តាល និង សមាជិក​សមាជិកា នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​មកពី​រាជធានី ខេត្ត ក្រសួង ស្ថាប័ន ក្នុង​ទូទាំងប្រទេស សរុប​ចំនួន ៣៥០​នាក់ ដើម្បី​ស្វែងរក​ធាតុ​ចូល​បន្ថែម និង ផ្សារភ្ជាប់​ផែនការ ការងារ​ឲ្យ​ស្របតាម​ការវិវត្ត​ជាក់ស្តែង​របស់​សង្គម និង បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ នា​ថ្ងៃ​អនាគត ។

​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ស្តាប់​របាយការណ៍​ការងា​រ​ក្រោយពេល​មហាសន្និបាត​លើក​ទី​៤ រហូតមកដល់​បច្ចុប្បន្ន និង តាមដាន​វឌ្ឍនភាព​ការងារ កំណត់​ទិសដៅ​សកម្មភាព​ការងារ​បន្ត ស្របតាម​សេចក្តីសម្រេច​របស់​មហា​សន្និបាត និង ផែនការ​យុទ្ធសាស្ត្រ «​ចលនា​យុវជន​ក្នុង​បុព្វហេតុ​ជាតិ​មាតុ ភូមិ​» ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៣ ស្រប​ពេលដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​កំពុង​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​ឲ្យ​យុវជន ចូលរួម​លើ​កិច្ចការងារ​សង្គម​ក្រោម​ស្មារតី​២​ធ្នូ និង បាន​លើកទឹកចិត្ត​យុវជន​ឲ្យ​រក្សា​ជំហរ​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការបណ្តុះ​ស្មារតី​សាមគ្គីភាព ពង្រឹង​ការរួបរួម​គ្នា និង​ការ​ពួតដៃគ្នា​ក្នុងនាម​យុវជន​ខ្មែរ ដែលជា​ធនធាន​ពោរពេញ​ដោយ​ចំណេះដឹង និង សមត្ថភាព ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៣០ និង​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ដើម្បី​ប្រជាជន និង អនាគត​កម្ពុជា ៕​