សមត្ថកិច្ច​នគរបាល រកឃើញ​ម៉ូតូ​មិន​ប្រក្រតី​មួយចំនួនធំ នៅ​ទី​តាំងហាង​បញ្ចាំ​មួយកន្លែង​ក្នុង​ក្រុង​សៀមរាប​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តសៀមរាប បាន​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង​ផ្ទះ​បញ្ចាំ​អត់​ច្បាប់​មួយកន្លែង ដែលមាន​ម្ចាស់​ឈ្មោះ យាយ​ហួ និង​កូន​ឈ្មោះ ហូរ ស្ថិតនៅ​ក្នុងភូមិ​ចុងស្រុក សង្កាត់​សៀមរាប ក្រុង​សៀមរាប ដោយ​ដកហូត​ម៉ូតូ​ប្រមាណ​៦០​គ្រឿង និង​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ហើយ​នាំយកទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់វិធានការ​តាម​នីតិវិធី ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ថែមថា ទីតាំង​ខាងលើនេះ​បាន​បើកទទួល​បញ្ចាំ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ដែល​ទទួលយក​ម៉ូតូ​ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់ ដោយ​បើក​រយៈពេល​យូរ​ឆ្នាំ​មកហើយ ហើយក៏​ធ្លាប់​ត្រូវ​សមត្ថកិច្ច​ចុះ​ធ្វើការ​បង្ក្រាប​ម្តង ហើយ​ដែរ និង ក្នុងចំណោម​ម៉ូតូ​ប្រមាណ​៦០​គ្រឿង​នោះ សមត្ថកិច្ច​បាន​រកឃើញ​ម៉ូតូ​ដែលមាន​ភាពមិនប្រក្រតី ដូចជា ម៉ូតូ​មិនមាន​ឯកសារ​ច្បាស់លាស់ , ម៉ូតូ​កាច់​-​ក និង ម៉ូតូ​មាន​ស្នា​មឈូស​ដាប់​លេខ​តួលេខ​ម៉ាស៊ីន សរុប​ចំនួន​២០​គ្រឿង ៕​