ការទទួលបាន​សេវា​ព្យាបាល​ចំពោះ​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​នៅ​មណ្ឌល​សុខភាព​

ការស្រាវជ្រាវ​មួយ​បានបង្ហាញ​ថា ស្ត្រី​ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ កំរ​ស្វែងរក​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យ ឬក៏​គ្លីនិក​ណាស់ តែ​ពួកគេ​ចូល​ចិត្ត​ទៅ​ទិញ​ថ្នាំពេទ្យ​ពី​កន្លែង​លក់​ថ្នាំ​ខាងក្រៅ​ទៅវិញ​។ ការស្រាវជ្រាវ​បាន​បង្ហាញពី​មូលហេតុ​ដែលនាំឱ្យ​អ្នក​ទាំងនោះ​មិន​បាន​ទៅ​ស្វែងរក​ការពិនិត្យ និង​ព្យាបាល​សុខភាព​ដែល​រួមមាន​ដូចជា​៖ កង្វះខាត​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​ដែល​មាន​គុណភាព​នៅ​តំបន់​ដាច់ស្រយាល​, កង្វះខាត​ថ្នាំពេទ្យ​និង​ឧបករណ៍​ព្យាបាល​ទំនើប​នៅក្នុង​មន្ទីរពេទ្យ​, រនាំង​ផ្នែក​វប្បធម៌​ដែល​មិន​លើកទឹកចិត្ត​ឱ្យមាន​ការពិភាក្សា​ពី​បញ្ហា​ផ្លូវភេទ​, ជនរងគ្រោះ​ដោយសារ​ហិង្សា​មិនមាន​ថវិកា​ក្នុង​ការ​ទៅរក​សេវា​ទាំងនេះ​, កង្វះខាត​ការសម្របសម្រួល​រវាង​ស្ថាប័ន​ផ្តល់​សេវា និង​ស្ថាប័ន​សំខាន់ៗ​នានា ដូច​ជា​ប៉ូលិស និង​អាជ្ញាធរ​ឃុំ​ជា​ដើម​។

​អ្នកស្រី ហែម សា​វត់ នៅ​ស្រុក​សូទ្រនិគម​លើកឡើងថា ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ត្រូវ​ទៅរក​សេវា​ព្យាបាល​ពី​ខាង​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​ជំងឺ​និង​ពិគ្រោះ​យោបល់​លើ​ផ្នែក​សុខភាព​។ នៅ​ពេល​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​រដ្ឋ​មិន​ត្រូវ​គិត​សេវា​ព្យាបាល​នោះ​ទេ​។
Clip1 ត្រូវ​ទៅ​រក​សេវា​ព្រោះ​អី​អំពើហិង្សា​ធ្វើឲ្យ​យើង​របួស យើង​ត្រូវការ​ថ្នាំ​និង​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភាគច្រើន​ឃើញ​ថា​រក​មន្ទីរពេទ្យ​ជិតៗ​វា​លឿន​ទៅ​នោះ​វា​យូ មិន​ត្រូវ​យក​លុយ​ពី​ស្ត្រី​ទេ​ភាគច្រើន​ស្ត្រី​កើត​អំពើហិង្សា​ជា​អ្នកក្រ​។

​អ្នកស្រី សា​វត់​បន្ថែមទៀតថា​នាពេល​បច្ចុប្បន្ន​នេះ​លោកគ្រូ​អ្នក​គ្រូពេទ្យ​មាន​ការយកចិត្តទុកដាក់​លើ​ជនរងគ្រោះ​បាន​មួយចំនួន​ធំ​ហើយ​។

​អ្នកស្រី គឿន អាយុ​ជាង​៤០​ឆ្នាំ នៅ​ស្រុក​សូទ្រនិគម​ដូចគ្នា​ដែរ​នោះ​ក៏​បាន​លើកឡើង​ដែរ​ថា ស្ត្រី​គ្រប់រូប​នៅពេល​មាន​របួស​ស្នាម​ដោយសារ​អំពើហិង្សា​ត្រូវ​ទៅ​រក​សេវា​ព្យាបាល​ជំងឺ មិនគួរ​សង្ងំ​លាក់​ទុក​បញ្ហា​ទេ បើ​មិន​ដូច្នេះ​ទេ​អាជ្ញាធរ​ក៏​មិន​អាច​ជួយ​បាន​ទាន់ពេលវេលា​ដែរ​។ នៅ​ពេល​ជនរងគ្រោះ​ទៅរក​សេវា​ព្យាបាល​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត មិន​ត្រូវ​គិត​ពី​បញ្ហា​លុយកាក់​ជា​រឿង​សំខាន់​ទេ​។​
Clip2 ត្រូវ​ទៅ​រក​សេវា​ព្យាបាល បើ​យើង​លាក់​គេ​នៅតែ​វៃ​ទាល់តែ​ប្រាប់​គេ​ទើប​គេ​ជួយ ពេទ្យ​មួយ​ចំនួន​យ៉ាប់​បើ​មិន​មាន​លុយ​ដាក់​ហោ​បៅ​យ៉ាប់​មិន​ងាយ​ដែរ បើ​មាន​លុយ​គេ​មើល​ដិតដល់​បើ​មិន​មាន​គឺ​អត់​។

ទាក់ទង​និង​បញ្ហា​នេះ​លោក ខ្វៃ គឹម​សាន ប្រធាន​មណ្ឌល​សុខភាព​ដំ​ដែក​បាន​លើកឡើង​ថា​កន្ល​ង​មក​មណ្ឌល​សុខភាព​របស់​លោក​មិន​ធ្លាប់​ទទួលបាន​ជនរងគ្រោះ​ដោយ​អំពើហិង្សា​មក​ទទួល​សេវា​ព្យាបាល​នៅឡើយ​ទេ ដោយសារ​មណ្ឌល​សុខភាព​ដំ​ដែក​នៅជាប់​នឹង​មន្ទីរពេទ្យបង្អែក​ស្រុក ដូច្នេះ​បើ​មាន​គឺ​គាត់​ទៅ​រក​មន្ទីរពេទ្យ​តែម្តង​។ ក្នុងករណី​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​មករក​សេវា​ព្យាបាល​ជំងឹ​គឺ​មណ្ឌល​សុខភាព​នឹង​មាន​ការលើកលែង​សេវា​ព្យាបាល​ក្នុងករណី​គាត់​ក្រីក្រ​ពិតប្រាកដ​មែន ទោះបី​មាន​ប័ណ្ណ​ក្រីក្រ​ឬ​មិន​មាន​ក៏ដោយ​។​
Clip3 បើ​មាន​ប័ណ្ណ​ក្រី​ក្រី​មិន​យក​លុយ​ទេ បើ​មិន​មាន​ប័ណ្ណ​តែ​ក្រ​ពិតមែន​គឺ​លើកលែង​ឲ្យ​បើក្រ​ពិតប្រាកដ​តែ​បើមា​ន​យក​ធម្មតា តែបើ​សំរាប់​គោលការណ៍​ថា​មាន​ការលើកលែង​ចំពោះ​អ្នក​មាន​អំពើហិង្សា​មិនទាន់មាន​ទេ​។

 

​យោង​ទៅ​តាម​ការសិក្សារ​បស់​អង្គការ​សុខភាព​ពិភពលោក ជាង​ពាក់កណ្តាល​នៃ​ស្ត្រី​ដែល​ដែល​ទៅ​ទទួល​សេវា​ព្យាបាល​របួស​ដែល​ទាក់ទង​នឹង​អំពើ​ហិង្សា មិន​បាន​ប្រាប់​អ្នក​ថែទាំ​សុខភាព​អំពី​មូលហេតុ​ពិត​នៃ​របួស​របស់​ពួកគេ​នោះ​ទេ​។ នេះ​គឺ​អាច​ដោយសារតែ​ភាពអាម៉ាស់​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​។ របាយការណ៍​ផ្សេងទៀត​បាន​លើកឡើង​ថា នៅតែ​មាន​ការមិនទុកចិត្ត​ទៅលើ​ស្ថាប័ន​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា ថា​មាន​ការរើសអើង ស៊ីសំណូក​សម្រាប់​ការផ្តល់សេវា​នានា និង​មិន​បាន​ដោះស្រាយ​បញ្ហា​ហិង្សា​លើ​ស្ត្រី តាម​វិធីសាស្ត្រ​ផ្អែកលើ​សិទ្ធិ​របស់​ជនរងគ្រោះ​នៃ​ហិង្សា​៕

ដក​ស្រង់​ពី​អត្ថ​បទ​បទ​យក​ការណ៍​៖ អ្នក​នាង​ ហេង​ លាង​ស៊ីម