ក្រុមហ៊ុន​វី​តា​ល់ ផ្ដល់​អង្ករ​ចំនួន​១០​តោន ជូន​ដល់​មន្ទីរពេទ្យ​ល​កុមារ​អង្គរ​ក្នុង​ខេត្តសៀមរាប​


​នា​រសៀល​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០​ ក្រុមហ៊ុន​វី​តា​ល់ បាន​នាំយក​អង្ករ​ចំនួន​១០​តោន មក​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ​ល​កុមារ​អង្គរ​ក្នុង​ខេត្តសៀមរាប ដើម្បី​បំពេញ​តាម​តម្រូវ​របស់​មន្ទីរពេទ្យ ។​

​លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ពាណិជ្ជកម្ម នៃ​ក្រុមហ៊ុន​វី​តា​ល់ បាន​មានប្រសាសន៍ថា នេះ​ជា​ឆ្នាំ​ទី​២ ដែល​ក្រុមហ៊ុន​វី​តា​ល់​ឧបត្ថម្ភ​អង្ករ​១០​តោន​ជូន​មន្ទីរពេទ្យ បន្ទាប់ពី​ក្រុមហ៊ុន​បាន​ចុះ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​អង្ករ​ចំនួន​១០​តោន​ក្នុង​១​ឆ្នាំៗ ក្នុង​រយៈពេល ៣​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០១៩​មក ក្នុង​សកម្មភាព​ភាព​មនុស្សធម៌ បន្ទាប់ពី​ក្រុមហ៊ុន​បាន​យល់ដឹង​ច្បាស់​ពី​គុណ​តម្លៃ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​បានធ្វើការ​យ៉ាងសកម្ម​ជួ​យ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​រាប់រយ​នាក់​ជា​រៀងរាល់ថ្ងៃ ហើយ​ការចូលរួម​របស់​យើង​ក្នុងថ្ងៃនេះ បានមកពី​មូលនិធិ ២៥​រៀល​របស់​វី​តា​ល់ ព្រោះ​យើង​តែងតែ​ដក​ថវិកា​ចំនួន​២៥​រៀល​ពី​ការលក់​វី​តា​ល់​ក្នុង​មួយ​ដប សម្រាប់​ចូលរួម​ក្នុង​ការងារ​សង្គម​នានា ហើយ​មូលនិធិ​២៥​រៀល​នេះ យើង​នឹង​បន្ត​ពង្រឹង​វិសាលភាព​នៃ​សកម្មភាព​មនុស្សធម៌​ជាច្រើន​រូបភាព​បន្ថែមទៀត ដើម្បី​អតិថិជន សង្គម និង​ការអភិវឌ្ឍ​ដោយមាន​និរន្តរភាព​ទៅ​ថ្ងៃ​អនាគត ហើយ​តាមរយៈ​មូលនិធិ​២៥​រៀល កន្លងមក ក្រុមហ៊ុន​វី​តា​ល់ តែង​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​សង្គម នានា​ដោយ​ផ្តោតលើ​វិស័យ​៤​ធំៗ រួមមាន ៖ ១. វប្បធម៌ និង​សាសនា , ២. កីឡា និង​សុខភាព , ៣. បរិស្ថាន និង ៤.​អប់រំ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ទេព ណាវី នាយក​ប្រ​ត្តិ​ប​ត្តិ​ការ​នៃ​មន្ទី​ពេទ្យ​កុមារ​អង្គរ បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​វី​តា​ល់ ជា​ក្រុមហ៊ុន​ជាតិ​គំរូ ដែល​តែង​យកចិត្តទុកដាក់​ដល់ក​ម្ម​វិធី​មនុស្សធម៌ និង បាន​ជួយ​គាំទ្រ​មន្ទីរពេទ្យ​កុមារ​អង្គរ តាមរយៈ​ការឧបត្ថម្ភ​អង្ករ​១០​តោន​ក្នុង​១​ឆ្នាំ ដែល​ការចូលរួម​នេះ គឺ​បាន​ជួយ​លើកទឹកចិត្ត​ដល់​មន្ទីរពេទ្យ និង​ក្រុមការងារ​ឲ្យ​កាន់​តែមាន​កម្លាំងចិត្ត​បម្រើ​សេវាកម្ម ពិនិត្យ​ព្យាបាល​កុមារ​កម្ពុជា​ឲ្យ​កាន់តែ​ល្អ​ប្រសើរឡើងទៀត ខណៈ​មន្ទីរពេទ្យ​កំពុង​ត្រូវការ​ជំនួយ​នេះ ។​

​លោក ទេព ណាវី មានប្រសាសន៍​ទៀតថា ក្នុង​មួយថ្ងៃ មាន​កុមារ​មករក​សេវា​សង្គ្រោះ និង​ព្យាបាល​ជំងឺ​ពី​៥០០​ទៅ​៦០០​នាក់ ហើយ​កុមារ​ដែល​ចូលមក​ទទួល​សេវា​សង្គ្រោះ ព្យាបាល និង​ថែទាំ​ជំងឺ​នៅទីនេះ​មិនបាន​បង់ថ្លៃ​ទេ ហើយ​បន្ថែម​ពីនេះ មន្ទីរពេទ្យ បាន​ជួយសង្គ្រោះ និង​ព្យាបាល​ដល់​កុមា​រលើ​សេវា​សង្គ្រោះបន្ទាន់​ដូចជា ការវះកាត់​បេះដូង និង​ជំងឺ​ទូទៅ ព្រមទាំង​មាន​បន្ទប់​សម្រាប់​អ្នកជំងឺ​សម្រាក​ផងដែរ ហើយ​មិនតែប៉ុណ្ណោះ មន្ទីរពេទ្យ​ក៏បាន​ជួយឧបត្ថម្ភ​ដល់​កុមារ​ដែលមាន​គ្រួសារ​ក្រីក្រ​ជួប​ការលំបាក​ថែម​ទៀតផង ជា​មធ្យម​មន្ទីរពេទ្យ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា​៦,៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ដែល​ថវិកា​ទាំងអស់នេះ​បានមកពី​ទឹកចិត្ត​សប្បុរសធម៌​ចូលរួម​បរិច្ចាក​ពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស អង្គការ​ដៃគូរ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ជាដើម​ផង ៕​