ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត មកពី​សមាគម​ប្រជាជន​ចិន ខេត្ត​យូ​ណាន ប្រទេស​ចិន បានចាប់ផ្ដើម​ពិនិត្យ​ព្យាបាល និង​វះកាត់​ភ្នែក​ឡើងបាយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​ខេត្តសៀមរាប​

កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ដោយមាន​ការគាំទ្រ​ពី​អាជ្ញាធរ​ខេត្តសៀមរាប ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចំនួន​១០​រូប ដឹកនាំ​ដោយ​លោកស្រី ហ្សូ ហុង (Zhou Hong)​មកពី​សមាគម​ប្រជាជន​ចិន ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានចាប់ផ្ដើម​ធ្វើការ​ពិនិត្យ​ព្យាបាល និង​វះកាត់​ភ្នែក​ឡើងបាយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​ឥតគិតថ្លៃ​នៅក្នុង​ខេត្តសៀមរាប ក្នុង​គម្រោង​ចំនួន​១០០​នាក់ នៅ​មន្ទីរពេទ្យ​ភ្នែក​តំបន់​សៀមរាប ស្ថិតក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ក្នុង​រយៈពេល​០៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ លើ​ប្រភេទ​ជំងឺ​ដូចជា​៖ ស្រវាំងភ្នែក​មើល​មិនសូវ​ច្បាស់ , ភ្នែក​ឡើងបាយ និង ដុះ​កន្ទុយថ្លែន ។

​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៩ ពិធី​បើក​ការពិនិត្យ និង​វះកាត់​ភ្នែក​ឡើងបាយ​ជូន​ប្រជាពលរដ្ឋ​ទូទៅ ដោយ​ឥតគិតថ្លៃ​បានប្រកាស​បើក​ជា​ផ្លូវការ ក្រោម​អធិបតីភាព​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត​និង​ជា​តំណាង​ឯកឧត្ដម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោកស្រី ហ្សូ ហុង (Zhou Hong) តំណាងឱ្យ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិន​មកពី​ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​លោក ពិន ប្រាកដ មានប្រសាសន៍ថា ការ​ចុះមក​ពិនិត្យ​ជំងឺ​ភ្នែក របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​សមាគម​ប្រជាជន​ចិន ខេត្ត​យូ​ណាន ជូន​ប្រជាពលរដ្ឋ​នាម​ពេលនេះ គឺជា​ការងារ​មនុស្សធម៌ និង ការងារ​សង្គម ហើយក៏​ជាការ​ជួយ​លើកកម្ពស់​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​មូលដ្ឋាន និង ជួយ​កាត់បន្ថយ​ការចំណាយ ទៅលើ​ការ​សេវា​ព្យាបាល ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​បញ្ហា​ភ្នែក សូម​អញ្ជើញ​មក​ទទួល​ការពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ពិសេស សូមឱ្យ​ចេះ​ថែទាំ​សុខភាព​ប្រចាំ​របស់ខ្លួន និង​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​ការហូប​ចំណីអាហារ ដោយ​ផ្តោត​សំខាន់​លើ​ការហូប​ស្អាត រស់នៅ​ស្អាត ដើម្បី​ជៀសវាង​ការ​មាន​ជំងឺ​ផ្សេងៗ ។

​លោក ពិន ប្រាកដ មានប្រសាសន៍​បន្ថែមថា ក្នុងនាម​អាជ្ញា​ខេត្តសៀមរាប សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រទេស​ចិន​មកពី​ខេត្ត​យូ​ណាន ដែល​បាន​ចំណាយ​ទាំង​ពេលវេលា និង​សម្ភារ​ផ្ទាល់ខ្លួន​មកជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ហើយ​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ភ្នែក​នេះ ក្នុង​គោលបំណង​រឹតចំណង​សាមគ្គីភាព​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​ប្រសើរឡើង​ថែមទៀត រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិទ​ចិន ដើម្បី​សុខមាលភាព​សាធារណៈ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​អ្នករស់នៅ​ទីជនបទ​ដែល​ជួប​ការលំបាក ជាពិសេស អាជ្ញាធរ​ខេត្តសៀមរាប តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​នាំ​គ្រូពេទ្យ​ចំណានៗ មក​ព្យាបាល​ជម្ងឺ​ដល់​ពួកគាត់ ៕​