កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប , មន្ទីរពេទ្យកុមារអង្គរ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េ តាមរយៈអង្គការ The Narum Plus បានចុះពិនិត្យជំងឺ និងចែកវែនតា ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជាទូទៅ នៅក្នុងឃុំចំនួន២ គឺឃុំចាន់ស និង ឃុំខ្នារពោធិ នៃស្រុកសូទ្រនិគម ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាប្រាសាទសន្លោង ក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ដែលពិធីបើកនៃការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ ក្រោមអធិបតីលោកស្រី យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានមានប្រសាសន៍ថា នេះជាលើកទី១២ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទូទៅនៅតាមបណ្ដាឃុំ និងស្រុក នៃខេត្ដសៀមរាប ដែលជាស្ដែងថ្ងៃនេះ បានចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទូទៅក្នុងឃុំចាន់ស និង ឃុំខ្នារពោធិ បើទោះបីជានេះ នៅក្នុងឃុំនេះ មានមណ្ឌលសុខភាពហើយក៏ដោយ ប៉ុន្តែនេះជាសកម្មភាពមនុស្សធម៌សុទ្ធសាធ ដោយធ្វើការពិនិត្យនិងព្យាបាលលើជំងឺទូទៅ , ភ្នែក , មាត់ធ្មេញ , រោគស្ត្រី , អេកូ , ថតឆ្លុះ , ព្យាបាលដោយចលនាលើជំងឺឈឺចង្កេះ និង ជង្គង់ ។
លោក ក្រុស សារ៉ាត់ មានប្រសាសន៍ទៀតថា បច្ចុប្បន្នស្ថានភាពនៃជំងឺគ្រុនឈាម នៅតែបន្តកើតមាននៅឡើយ ទាំងកូនក្មេង មនុស្សពេញវ័យ និង មនុស្សចាស់ ដែលបង្កឡើងដោយមូសខ្លាខាំ ដូច្នេះតាមរយៈនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រសិនបើពិនិត្យឃើញថា មានករណីក្ដៅខ្លួនខ្លាំងរយៈពេល២ថ្ងៃជាប់គ្នា ចាប់ពី៣៨អង្សាឡើងទៅនោះ សូមប្រញាប់ និងរួសរាន់នាំអ្នកជំងឺទៅមណ្ឌលសុខភាពជាបន្ទាន់ ដើម្បីទទួលបានការពិនិត្យនិងព្យាបាលជំងឺទាន់ពេលវេលា ហើយសូមកុំបណ្ដែតបណ្ដោយ ឬក៏យកទៅពិនិត្យនិងព្យាបាលជំងឺនៅសេវាឯកជនដែលមិនមានជំនាញច្បាស់លាស់ឲ្យសោះ ព្រោះវានាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកជំងឺ ពិសេសត្រូវនាំគ្នាលុបបំបាត់ទីជម្រករបស់មូសខ្លាតាមគេហដ្ឋានរបស់យើងរៀងៗខ្លួន ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានសម្ដែងនូវការគាំទ្រចំពោះសកម្មភាពចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទូទៅនៅក្នុងឃុំចាន់ស របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តសៀមរាប នាពេលនេះ ដែលនេះបានឆ្លុះបញ្ចាំងឲ្យឃើញពិការយកចិត្តទុកដាក់ចំពោះសុខភាពទូទៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជនបទ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ដែលបានយកចិត្ដទុកដាក់ពីបញ្ហាសុខភាពប្រជាពលរដ្ឋជាសំខាន់។
លោកស្រី យូ សុភា មានប្រសាសន៍ទៀតថា សកម្មភាពដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅគ្រប់ទីកន្លែង នៅទូទាំងខេត្តសៀមរាបនោះ គឺជាការងារមនុស្សធម៌ និង ការងារសង្គម ហើយក៏ជាការជួយលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង ជួយកាត់បន្ថយការចំណាយទៅលើការសេវាព្យាបាល ប៉ុន្តែប្រការសំខាន់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចេះថែទាំសុខភាពសុខភាពប្រចាំរបស់ខ្លួន និងត្រូវប្រុងប្រយ័ត្ន ចំពោះការហូបចំណីអាហារ ដោយផ្តោតសំខាន់លើការហូបស្អាត រស់នៅស្អាត ដើម្បីជៀសវាងការមានជំងឺផ្សេងៗ។
សូមបញ្ជាក់ថា លទ្ធផលដែលក្រុមគ្រូពេទ្យបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងរយៈពេលពេញមួយថ្ងៃនេះ រួមមាន ៖ ១- ពិគ្រោះជំងឺ មនុស្សចាស់ បានចំនួន ៧៧២ ករណី , ២- ពិគ្រោះជំងឺកុមារ បានចំនួន២២៣ ករណី , ៣- ពិនិត្យភ្នែក និងចែកវ៉ែនតា បានចំនួន ២៩៤ ករណី , ៤- ពិនិត្យអេកូសាស្ត្រ បានចំនួន ៤៦ករណី , ៥- មន្ទីរពិសោធន៍បានចំនួន ២២២ ករណី , ៦- ព្យាបាលដោយចលនា បានចំនួន ៣០ ករណី , ៧- ព្យាបាលជម្ងឺមាត់ធ្មេញ បានចំនួន ៧២ ករណី , ៨- ពិនិត្យ ព្យាបាល ជំងឺរោគស្ត្រី បាន ១៣ ករណី និង ៩- ថតវិទ្យុសាស្ត្រ បានចំនួន ៤៥ ករណី ៕