ភ្លើង​ឆេះ​ឃ្លាំង​ដាក់​សម្ភារ​មួយកន្លែង​ក្នុង​ក្រុង​សៀមរាប បើ​គិត​ជា​ទឹកប្រាក់​អស់​ប្រហែល​៥​ម៉ឺន​ដុល្លារ​អាមេរិក​។​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ មាន​ករណី​ភ្លើង​ឆេះ​ឃ្លាំង​ដាក់​សម្ភារ​មួយកន្លែង ដែល​បាន​ឆេះ​សម្ភារ​អស់​គ្មាន​សល់ ស្ថិតនៅ​ខាងក្រោយ​ឆៀង​ខាងកើត ហាង​ចៅ​សាំង​ហុក ក្នុង​ក្រុមទី​២០ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែលជា​របស់​ឈ្មោះ លឹម ភក្តី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង អធិការកិច្ច​ខេត្តសៀមរាប ។

​ឃ្លាំង​ដាក់​សម្ភារ​នេះ ធ្វើ​អំពី​ដែក ជញ្ជាំង​ស័ង្កសី​ប្រក់​ស័ង្កសី ប្រវែង​៧​គុណ​នឹង​៨​ម៉ែត្រ ដែល​ខូចខាត​ទាំងស្រុង និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ រួមមាន​៖ ឡា​បូ​លាងដៃ​ចំនួន​២៦​គ្រឿង , ចាន​បង្គន់​ចំនួន​២៦​គ្រឿង , កំរាល​ព្រហ្ម​ចំនួន ២៥ ដុំ និង ផ្កាជ័រ​មានតម្លៃ​ប្រហែល​៥​ពាន់​ដុល្លារ​អាមេរិក ហើយ​សរុប​ជា​ទឹកប្រាក់​ប្រហែល ៥​ម៉ឺន​ដុល្លារ​អាមេរិក ។

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​អគ្គិភ័យ​នេះ គឺ​បណ្ដាលមកពី​កម្មករ​ដែល​បម្រើការ​នៅ​ទីនោះ បោះចោល​កន្ទុយបារី ដែល​ខ្លួន​កំពុង​ជក់​ទៅលើ​ផ្កាជ័រ និង​លើ​កំរាល​ព្រហ្ម ខណៈពេល​ឃើញ​ម្ចាស់​ឃ្លាំង​ដើរ​មករក ហើយ​កុំឱ្យ​ម្ចាស់​ឃើញ បាន​មួយសន្ទុះ​ក៏មាន​អណ្តាតភ្លើង​ឆេះ​ឡើង និង ពេល​កើតហេតុ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៨​គ្រឿង ក្នុងនោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចំនួន​០៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៤​ឡាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​០៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៤​ឡាន ហើយ​អគ្គិភ័យ​បាន​រលត់​ទាំងស្រុង​នៅវេលា​ម៉ោង​១៣​និង​២០​នាទី ៕​