សហគមន៍​ទឹក​ជប់​ខ្នារ​ពោធិ៍ ក្នុងស្រុក​សូទ្រនិគម កំពុង​រៀបចំ​ព្រៃកោងកាង​ទឹកសាប ឱ្យក្លាយ​ទៅជា​តំបន់​ទេសចរណ៍​

លោក ឌឿ​ម ឌន់ ប្រធាន​សមាគមន៍​ទឹក​ជប់​ខ្នារ​ពោធិ៍ បានឱ្យដឹងថា សហគមន៍​ទឹក​ជប់​ខ្នារ​ពោធិ៍ ដែល​ស្ថិតក្នុង​ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​កំពុង​រៀបចំ​ព្រៃកោងកាង​ចំនួន​៩០​ហិកតា ក្នុងចំណោម​ផ្ទៃដី​ទំហំ​១.០២២​ហិកតា​របស់​សហគម​ន៍ ឱ្យក្លាយ​ទៅជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ ព្រោះ​នៅក្នុង​សហគមន៍​នេះ មា​នស​កត្តា​នុព​ល​ទេសចរណ៍​ជាច្រើន ដូចជា​ព្រៃកោងកាង​ទឹកសាប ទឹក​ជប់​ហូរ​ខួបប្រាំងខួបវស្សា មាន​ផ្កា​ព្រៃ​រីក​ស្រស់បំព្រង មាន​ចម្ការ​ឬ​ស្សី ដែល​រៀបចំ​យ៉ាង​ស្រស់ស្អាត រួមជាមួយ​ធនធានធម្មជាតិ​ជាច្រើន​ប្រភេទ​ទៀតផង​ដែរ​។

​លោក ឌឿ​ម ឌន់ បានឱ្យដឹង​ទៀតថា បច្ចុប្បន្ននេះ សហគមន៍​បាន​កំពុងតែ​ធ្វើ​ស្ពាន​សម្រាប់​ឱ្យ​អ្នកទេសចរ​ដើរ​ទស្សនា​ព្រៃកោងកាង និង​ផ្កា​ព្រៃ , សាងសង់​កន្លែង​សម្រាប់​សម្រាក​និង​កន្លែង​សម្រាប់​ទទួលទាន​អាហារ ដែល​កំពុង​ស្នើសុំ​ទៅ​អាជ្ញាធរ​ឃុំ​ក្នុង​ការសាងសង់​ផ្លូវ​ចូលទៅ​កាន់​តំបន់​ឱ្យបាន​ងាយស្រួល រួមទាំង​ការរៀបចំ​លើ​ការការពារ​សន្តិសុខ និង សុវត្ថិភាព​ផងដែរ​។

​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឱ្យដឹងថា មន្ទីរ​ទេសចរណ៍​ខេត្ត​គាំទ្រ​ចំពោះ​សកម្មភាព​នេះ ព្រោះថា ការបង្កើតឱ្យមាន​ផលិតផល​ទេសចរណ៍​ថ្មី គឺជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់ ដែល​ក្រសួងទេសចរណ៍​កំពុង​តែ​ជំ​រុញឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​បង្កើត​ឱ្យបាន​ច្រើន ក្នុង​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ទស្សនា​កម្សាន្ត​និង​ស្នាក់នៅ​កម្ពុជា​បានយូរ​។

​លោក ង៉ូ​វ សេង​កាក់ បានបញ្ជាក់​ទៀតថា ក្រៅពី​ប្រាសាទបុរាណ តំបន់​ទេសចរណ៍ធម្មជាតិ និង​តំបន់​ទេសចរណ៍​កែឆ្នៃ​នៅ​ជុំវិញ​តំបន់​ប្រាសាទ គឺជា​សក្តានុពល​ទេសចរណ៍​ដ៍​សំខាន់​មួយ ដែល​អ្នកទេសចរ​ភាគច្រើន​បាន​នឹង​កំពុងតែ​មានការ​ចាប់អារម្មណ៍​និង​ពេញនិយម ដូច​ឆ្នេះ​ការរៀបចំ​ព្រៃកោងកាង​ទឹកសាប ទំហំ​ចំនួន​៩០​ហិកតា ក្នុងចំណោម​ផ្ទៃ​មាន​ផ្ទៃដី​១.០២២​ហិកតា របស់​សហគមន៍​ឱ្យក្លាយ​ទៅជា​តំបន់​ទេសចរណ៍​នេះ គឺជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​ប្លែក ដែល​នៅក្នុង​ខេត្តសៀមរាប​នេះ​មិនទាន់មាន​នៅឡើយ ហើយ​មន្ទីរ​ទេសចរណ៍ និង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជំ​រុញឱ្យ​ការរៀបចំ​តំបន់​នេះ ឱ្យ​ក្លាយជា​តំបន់​ទេសចរ​ណ៍ដ៍​ទាក់ទាញ​នៅពេល​ឆាប់​ខាងមុខនេះ ជាពិសេស​ស្របតាម​ស្តង់ដារ​សហគម​ន៏​ទេសចរ​ណ៏​ជាតិ​៕​