ស្ត្រី​ម្នាក់​ត្រូវ​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ទ្រព្យសម្បត្តិ​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ឈ្មោះ មាស សារ៉ន អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ត្រូវបាន​មន្ត្រី​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្វាយដង្គំ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​មន្ត្រីនគរបាល​ការិយាល័យ​សណ្ដាប់​ខេត្តសៀមរាប បាន​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ទ្រព្យសម្បត្តិ បន្ទាប់ពី​ទទួលបាន​បណ្ដឹង​ពី​ជនរងគ្រោះ ដែលជា​ម្ចាស់​ទ្រព្យសម្បត្តិ ។​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​បន្ថែមថា តាម​ការរៀប​រាប់រប​ស់ជន​រងគ្រោះ​ឈ្មោះ កេ​ត ម៉ា​ល័យ ភេទ ស្រី អាយុ​៤០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នា​វេលា​ម៉ោង ០៩:៤០​នាទី ខ្លួន​បាន​ដើរ​ទិញ​ម្ហូប​នៅក្នុង​បរិវេណ​ផ្សារ​ចាស់ ចំណុច​កន្លែង​លក់​ត្រី ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ មាស សារ៉ន បានធ្វើ​សកម្មភាព​លួច​លូក​យក​កាបូបដៃ​ដាក់​លុយ​ម៉ាក LV ពណ៌​ត្នោត ចេញពី​កាបូបស្ពាយ​ធំ ពណ៌​ត្នោត ដែល​ក្នុងនោះ​មាន លុយ​ដុល្លារ ចំនួន​៦៦៦​ដុល្លារ , លុយ​ខ្មែរ ចំនួន​៤៧​ម៉ឺន​រៀល , អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ ខ្មែរ ០១​សន្លឹក , ប័ណ្ណបើកបរ​រថយន្ត​ចំនួន ០១ និង ប័ណ្ណ​ពត៌មាន របស់​ធនាគារ​អេស៊ីលីដា​ចំនួន​០១ យកទៅ​ក្ដោប​ទុក​នៅ​នឹង​មុខ​ពោះ​ដោយ​យក​កាបូប​ខ្លួនឯង​មក​បាំង ប៉ុន្តែ​គាត់​បានដឹងខ្លួន ក៏​ឃាត់​ជនសង្ស័យ​ជាប់ ហើយ​ដកយក​កាបូប​មកវិញ បន្ទាប់មក​ក៏​ទំនាក់ទំនង​មក​សមត្ថកិច្ច ។​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​បន្ថែមទៀតថា បន្ទាប់ពី​បាន​នាំខ្លួន​ជនសង្ស័យ​ខាងលើ​មក​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច យក​កាបូប​ប្រាក់​របស់​ឈ្មោះ កេ​ត ម៉ា​ល័យ ពិតប្រាកដ​មែន ហើយ​បន្ទាប់​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរាប បាន​បញ្ជា​ឲ្យ​លោក​អនុសេនីយ៍ទោ ចាន់ សុធា នាយផ្នែក​ព្រហ្ម​ទ​ណ្ទ​នគរបាល​ក្រុង​សៀមរាប ធ្វើការ​ឃុំខ្លួន​ជនសង្ស័យ​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅធ្វើ​ការផ្ដន្ទាទោស ចំណែក​វត្ថុតាង​ជាការ​បូ​ប លុយ​ដុល្លារ និង​លុយ​ខ្មែរ ព្រមទាំង​ឯកសារ​របស់​ជនរងគ្រោះ បានប្រគល់​ទៅ​ឲ្យ​ជនរងគ្រោះ​វិញ ដើម្បី​គ្រប់គ្រង​តាម​ការស្នើសុំ​ពី​ជនរងគ្រោះ ៕​