គណ​:​ក​ម្មា​ធិ​ការពិគ្រោះ​យោបល់ កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ អាណត្តិ​៣

នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៥ ខែសីហា ឆ្នាំ​២០១៩ លោកជំទាវ ស៊ិន ណ​ម ប្រធាន​គណ​:​កម្ម​ការពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្តសៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ អាណត្តិ​៣ នៃ​គណ​:​ក​ម្មា​ធិ​ការពិគ្រោះ​យោបល់ កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្តសៀមរាប ដែល​ហៅ​កាត់​ថា គ​.​ក​.​ស​.​ក ដើម្បី​ធ្វើការ​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​មួយចំនួន​ដូចជា ៖ ១- ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​ប្រតិទិន​កិច្ចប្រជុំ​សាមញ្ញ រប​ស់គ​.​ក​.​ស​.​ក​.​ខេត្ត ចាប់ពី​ខែកក្កដា ឆ្នាំ ២០១៩ ដល់​ខែមិថុនា ឆ្នាំ​២០២០ , ២- របាយការណ៍ ស្តីពី​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ប្រចាំ​ខែមិថុនា និង​ខែកក្កដា ឆ្នាំ​២០១៩ របស់​គណៈកម្មការ ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្តសៀមរាប , ៣- របាយការណ៍ ស្តីពី​ស្ថានភាព​ស្ត្រី យុវវ័យ កុមារ​និង​ជន​ងាយ​រងគ្រោះ តាម​បណ្តា​វិស័យ​ពាក់ព័ន្ធ​រួមមាន ៖ វិស័យ​អប់រំ , សុខភាព , អនាម័យ ទឹកស្អាត , សន្តិសុខ​ស្បៀង , សង្គមកិច្ច , ពលកម្ម​កុមារ , សមភាព​យេនឌ័រ និង​សន្តិសុខ​សណ្ដាប់ធ្នាប់​ប្រចាំខែ​មិថុនា និង​ខែកក្កដា ឆ្នាំ​២០១៩ និង​៤- បញ្ហា​ផ្សេងៗ និង​សំណូមពរ ។

​លោកជំទាវ ស៊ិន ណ​ម មានប្រសាសន៍ថា ការងារ​ស្ត្រី និង កុមារ​ជាការ​ងារ​មួយ​ដែលមាន​សារៈសំខាន់​ណាស់​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង ក្រសួង​កិច្ចការនារី ជាពិសេស​អាជ្ញាធរខេត្ត​សៀមរាប បាន​នឹង​កំពុង​យកចិត្ត​ដាក់​ជាខ្លាំង ក្នុងការ​លើកស្ទួយ ការ​គាំពារ និង ការការពារ លើ​បញ្ហា​ការអប់រំ​កុមារ , បញ្ហា​ភាព​ងាយ​រងគ្រោះ , បញ្ហា​សុខភាព​មាតា ទារក និង អាហារូបត្ថម្ភ , បញ្ហា​ទឹកស្អាត​និង​អនាម័យ , បញ្ហា​កិច្ចការពារ​កុមារ ។​ល​។ ដូច្នេះ សូម​ឲ្យ​បណ្តា​វិស័យ​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត ត្រូវយក​ចិត្ត​ដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​រាល់​ភារកិច្ច និង​បញ្ហា​នានា​ចំពោះ​ស្ត្រី យុ​វ័យ កុមារ និង​ជន​ងាយ​រងគ្រោះ​ដែល​កើតឡើង​នៅ​នឹង​មូលដ្ឋាន ព្រោះថា នេះ​ជាការ​ងារ​រួមគ្នា​មួយ ហើយ​រាល់​បញ្ហា​ដែល​កើតមានឡើង ត្រូវ​ដោះស្រាយ​ឲ្យ​អស់​លទ្ធភាព និង​ទាន់ពេលវេលា ដើម្បី​ជៀសវាង​ការ​យឺតយូរ​នាំ​ឲ្យ​ជនបង្ក​រត់គេចខ្លួន​ទៅ​ឆ្ងាយ ។

​ក្នុងឱកាស​នោះដែរ លោកជំទាវ ស៊ិន ណ​ម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​ដៃគូ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​តែងតែ​ចូលរួម​មតិយោបល់ កិច្ចពិភាក្សា និង​បាន​លើក​បញ្ហា​ដែល​កើតឡើង ដើម្បី​ដោះស្រាយ​រួមគ្នា និង​ទទួលបាន​ជោគជ័យ​ទាំងអស់គ្នា ។

​សូម​រំលឹកថា កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោក លោកស្រី ជា​អនុប្រធាន ជា​សមាជិក សមាជិកា នៃ​គណ​:​កម្ម​ការពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត ព្រមទាំង​មន្ត្រី​នៃ​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ សរុប​ចំនួន​៣៣​នាក់ ៕​