អាជ្ញាធរ​ឃុំ​យាង បង្ហាញថា ក្នុង​ឆ្នាំ​២០១៨ អំពើហិង្សា​ក្នុង​គ្រួសារ​ចំនួន​០៥​ករណី​ត្រូវបាន​ដោះស្រាយ​ជោគជ័យ​

លោកស្រី ឌុ​ច ម៉ា​លីន មេឃុំ​យាង ស្រុក​ពួក បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៨ អំពើហិង្សា​ក្នុង​គ្រួសារ​កើតឡើង​ក្នុង​ឃុំ​យាង ចំនួន​០៥​ករណី ដែលជា​ប្រភេទ​ហិង្សា​ផ្លូវចិត្ត ជាមួយគ្នានេះ អាជ្ញាធរ​មូលដ្ឋាន​បានធ្វើការ​ដោះស្រាយបាន​មួយចំនួន និង​មួយចំនួនទៀត​បញ្ចូនទៅ​ស្ថាប័ន​តុលាការ​ដោះស្រាយ​បន្ត ។ ការ​ថ្លែង​អះអាង​បែបនេះ​របស់លោក​ស្រី ឌុ​ច ម៉ា​លីន ក្នុង​កម្មវិធី​យើង​ធ្វើបាន នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​។

​លោកស្រី​បន្ថែមទៀតថា អំពើហិង្សា​ផ្លូវចិត្ត ជា​ផ្នែក​មួយ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ ទោះបីជា​ពេលខ្លះ​គេ​គិតថា វា​ជា​ករណី​មិនសូវ​ធ្ងន់ធ្ងរ​ក៏ដោយ តែ​តាម​ការពិត​ករណី​អំពើហិង្សា​ផ្លូវចិត្ត​ជា​ករណី​ដែល​ធ្ងន់ធ្ងរ ដែល​ត្រូវការ​ការជួយជ្រោមជ្រែង និង​ដោះស្រាយ​ពី​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​។

 

​លោកស្រី ឌុ​ច ម៉ា​លីន បញ្ជាក់ទៀតថា ករណី​អំពើហិង្សា​ផ្លូវចិត្ត​ទាំង​៥​ករណីនេះ មាន​ករណីខ្លះ​ឃុំ ដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ និង​ខ្លះទៀត​ដោះស្រាយ​ដោយ​ប្រើ​ប្រព័ន្ធតុលាការ​ទទួលបាន​ជោគជ័យ​ទាំង​០៥​ករណី ។ លោកស្រី បង្ហាញថា ករណី​មួយចំនួន​អាជ្ញាធរ​សម្រេច​ធ្វើការ សម្របសម្រួល និង​ដោះស្រាយ​នៅ​ថ្នាក់ឃុំ ដោយសារ​គ្រួសារ​ទាំងនោះ​គ្មាន​សំបុត្រអាពាហ៍ពិពាហ៍ ហើយ​ជា​ប្រភេទ​អំពើហិង្សា​ស្រាល ប៉ុន្តែ​បើជា​ហិង្សា​ធ្ងន់ធ្ងរ រួមទាំង​មាន​សំបុត្រអាពាហ៍ពិពាហ៍ គឺ​អាជ្ញាធរ​មូលដ្ឋាន ដូចជា ភូមិ ឃុំ មិនអាច​ធ្វើការ​សម្របសម្រួល ឬ​ដោះស្រាយបាន​នោះទេ គឺមាន​តែ​ប​ញ្ចូ​ន​មក​ស្ថាប័ន​តុលាការ​តែប៉ុណ្ណោះ​៕

អត្ថបទ​៖ អ្នកនាង ញ៉​ក់ កាយ