ម្សិលមិញ ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ចុះសួរសុខទុក្ខ និង​នាំ​ថវិកា​ជា​អំណោយ​របស់​ឯកឧត្ដម​អភិបាលខេត្ត ជូន​ឯកឧត្តម ចៅ សែន សមាជិក​ក្រុមប្រឹក្សា​ខេត្ត កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​

នា​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ឯកឧត្ដម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​ប្រតិភូ​ខេត្ត មាន​ឯកឧត្ដម​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត , នាយក​រដ្ឋបាលខេត្ត , ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត បាន​ចុះសួរសុខទុក្ខ និង នាំយក​ថវិកា​ចំនួន ៤​លាន​រៀល ដែលជា​អំណោយ​របស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ជូន​ឯកឧត្ដម ចៅ សែន សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដែលមាន​ជំងឺ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ឹង ហឿន បាន​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង ក្ដី​នឹករលឹក ពី​សំណាក់​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោកជំទាវ ដែលជា​និច្ចការ ឯកឧត្ដម​អភិបាលខេត្ត តែងតែ​គិតគូរ​ដល់​សុខទុក្ខ​មន្ត្រីរាជការ ប្រជាពលរដ្ឋ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ក្នុងនោះ​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ផ្ដាំផ្ញើ​ដល់​ឯកឧត្ដម ចៅ សែន សូម​ឲ្យ​យកចិត្តទុកដាក់​ថែរក្សា​ខ្លួន និង ស្ដាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ ជាពិសេស​ឯកឧត្ដម បាន​ផ្ដាំផ្ញើ​ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់ សូមជួយ​យកចិត្តទុកដាក់​មើលថែរក្សា និង​ព្យាបាល​អ្នកជំងឺ​ឲ្យ​បានល្អ និង​មាន​ប្រសិទ្ធភាព ។

​ក្នុងឱកាស​នោះដែរ ឯកឧត្ដម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​ប្រតិភូ បន្ត​ចុះសាកសួរ​សុកទុក្ខ​អ្នកជំងឺ​ផ្សេងទៀត​ទៀត​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ និង បាន​ពិនិត្យមើល​ការសាងសង់​អគារ​មន្ទីរពេទ្យ​ថ្មី​បន្ថែមទៀត ខណៈ​មន្ទីរពេទ្យបង្អែក​ខេត្ត​នៅ​ខ្វះ​អគារ និង​បន្ទប់​ជាច្រើន​ទៀត ព្រោះ​សព្វថ្ងៃនេះ​មាន​ប្រជាពលរដ្ឋ ជា​អ្នកជំងឺ​មក​ទទួល​សេវា​ពិនិត្យ និង ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត កាន់តែ​ច្រើនឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ៕​