យុវជន​ស្ម័គ្រចិត្ត​មកពី​ប្រទេស Colombia និង​កម្ពុជា បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ចំពោះ​បុរាណ​ដ្ឋា​ន និង​បុរាណវិទ្យា នៃ​រមណីយដ្ឋាន​អង្គរ​


​កញ្ញា Juanita Erasso ជា​យុវជន​ស្ម័គ្រចិត្ត​មកពី​ប្រទេស Colombia បានឱ្យដឹងថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​កញ្ញា​បាន​ចូលរួម​ជា​យុវជន​ស្ម័គ្រចិត្ត​នៅ​រមណីយដ្ឋាន​អង្គរ និង​បាន​ស្វែងយល់​អំពី​ការគ្រប់គ្រង ជួសជុល អភិរក្ស សហគមន៍ និង​យល់ដឹង​ពី​ក្រម​ប្រតិបត្តិ​អង្គរ​ដែលជា​ចំណុច​ដែល​ទេសចរ​គ្រប់រូប​ត្រូវ​ប្រតិបត្តិ ហើយ​រមណីយដ្ឋាន​អង្គរ ជា​បុរាណ​ដ្ឋា​ន និង​បុរាណវិទ្យា ដែលមាន​វិសាលភាព​ធំ​មួយ ហើយ​នៅទីនេះ​មាន​ប្រជាជន​រស់នៅ បន្ត​គោរព​ប្រតិបត្តិ​នូវ​ជំនឿ​សាសនា​របស់ខ្លួន​យ៉ាង​រស់​រវើក រីឯ​ការគ្រប់គ្រង​បេតិកភណ្ឌ​វិញ មាន​ភាពខុសគ្នា​ពី​ប្រទេស Colombia តែ​ស្ថិតក្នុង​គោលដៅ​ថែរក្សា​បេតិកភណ្ឌ​មនុស្សជាតិ​តែមួយ ដូច្នេះ​ក្នុងឱកាស​នេះ កញ្ញា​សន្យាថា នឹង​យក​បទពិសោធន៍​ដ៏​ល្អ​នេះ ទៅ​ចែករំលែក​នៅ​ប្រទេស​របស់ខ្លួន​លើ​វិស័យ​បេតិកភណ្ឌ ។​

​ការលើកឡើង​របស់​ក​ញ្ញា Juanita Erasso នេះ គឺ​តាមរយៈ​កម្មវិធី​យុវជន​ស្ម័គ្រចិត្ត ដើម្បី​បេតិកភណ្ឌ​ពិភពលោក​នៅ​អង្គរ មកពី​៨​ប្រទេស រួមមាន​កម្ពុជា កូរ៉េ បារាំង អូស្ត្រាលី កូ​ឡុំ​ប៊ី ប៊ុល​ហ្ការី ឥណ្ឌា និង​ចិន សរុប​ចំនួន​១៨​នាក់ ដែល​បានទទួល​ការបណ្តុះបណ្តាល​អំពី​ការគ្រប់គ្រង ការអភិរក្ស និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​រមណីយដ្ឋាន​អង្គរ ព្រមទាំង​បានធ្វើការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​យ៉ាងច្រើន​ពាក់ព័ន្ធ​នឹង​ជាមួយ​វិស័យ​បេតិកភណ្ឌ ក៏ដូចជា​ការងារ​ចូលរួម​ជាមួយ​សហគម​ន៍ មាន​រយៈពេល​១៣​ថ្ងៃ គិត​ចាប់​ថ្ងៃទី​៧​ដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ តាមរយៈ​កិច្ចសហការ​រវាង​អង្គការ​យូណេស្កូ អាជ្ញាធរ​ជាតិ​អប្សរា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​វិទ្យាស្ថាន​កូរ៉េ​-​អង្គរ​ដើម្បី​បេតិកភណ្ឌ ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​ក្នុង​ការងារ​អភិរក្ស និង​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ពិភពលោក​អង្គរ តាមរយៈ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ទៅដល់​យុវជន​ជំនាន់​ក្រោយ ។​

​លោក ជុំ សៀក​ហ៊ យុវជន​ស្ម័គ្រចិត្ត មកពី​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ បានឱ្យដឹងថា​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ ក្រុមយុវជន​បាន​ទៅ​ស្វែងយល់​តាម​ការដ្ឋាន​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ ហើយ​ទីតាំង​និ​មួយៗ​ខុសប្លែកគ្នា តួយ៉ាង​ការជួសជុល​ប្រាសាទ​ឥដ្ឋ ជួសជុល​ថ្ម ការគ្រប់គ្រង​ប្រព័ន្ធធារាសាស្ត្រ ការអភិរក្ស​កុលាលភាជន៍ និង​សហគមន៍​ជាដើម​។​

 

​លោក ជុំ សៀក​ហ៊ បញ្ជាក់ទៀតថា វគ្គ​បណ្តុះបណ្តាល​នេះ បានផ្តល់​នូវ​ចំណេះដឹង​ជាច្រើន ជាពិសេស​អំពី​វិធីសាស្ត្រ​ជួសជុល​ដែលមាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ​ដែល​កន្លង​លោក​មិន​ធ្លាប់​ដឹង ហើយ​សកម្មភាព​ទាំងនោះ​កាន់តែ​ជំរុញ​ទឹកចិត្ត​យុវជន​ឱ្យ​ស្រលាញ់​មរតក​ដូនតា​ថែមទៀត ហើយ​លោក​ប្ដេជ្ញា​ថា នឹង​យក​ចំណេះដឹង​ទាំងនោះ ទៅប្រើ​ជា​ប្រយោជន៍​នៅ​ស្ថាប័ន​របស់លោក និង​សូម​ឱ្យមាន​កម្មវិធី​នេះ មាន​ជា​បន្តបន្ទាប់​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​យុវជន និង​យុវជន​ជា​លក្ខណៈ​សកល ។​

​ឯកឧត្តម សុខ សង្វារ អគ្គនាយករង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ ព្រមទាំង​អ្នកជំនាញ​ដែល​បាន​ចូលរួម​ជា​ផ្នែក​មួយ​សម្រាប់​កម្មវិធី​នេះ​ឱ្យបាន​ដំណើរការ​រលូន​ក្នុង​គោលបំណង​ថែរក្សា ការពារ​សម្បត្តិ​បេតិកភណ្ឌ និង​ការចង់​ចេះ​ចង់​របស់​យុវជន​ដឹង​អំពី​ការងារ​រៀបចំ​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដែល​ស្ថិតក្រោម​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។​

 

​ឯកឧត្តម សុខ សង្វារ ជឿជាក់ថា ពេល​មនុស្ស​ស្គាល់​អ្វីមួយ​ច្បាស់ គេ​នឹង​ចាប់ផ្ដើម​ស្រឡាញ់ និង​គោរព ពេល​នោះគេ​នឹងមាន​ចិត្ត​ចង់​ការពារ​ឱ្យ​គង់វង្ស​យូរអង្វែង និង​ចែករំលែក​ដល់​អ្នកដទៃ​ឱ្យបាន​យល់​ដែរ ហេតុ​ដូច្នេះហើយ បានជា​មានការ​រៀបចំ​កម្មវិធី​នេះ ដើម្បីឱ្យ​យុវជន​បាន​យល់​ពី​តំ​ម្លៃ​អង្គរ និង​រឿងរ៉ាវ​នានា​ដែល​នៅ​ពីក្រោយ​ភាព​ដ៏​អស្ចារ្យ​នេះ នេះ​ជា​គំនិត​ស្នូល មិន​សម្រាប់តែ​អង្គរ​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​តំបន់​បេតិកភណ្ឌ​នៅ​ជុំវិញ​ពិភពលោក ដែល​យើង​គ្រប់គ្នា​គួរតែ​ស្វែងយល់ ៕​